រយៈពេលមួយឆ្នាំ បន្ទាប់ពីការបាត់ខ្លួនដោយបង្ខំរបស់ លោក Wanchalearm ជោគវាសនា និងទីកន្លែងដែលលោកស្ថិតនៅ នៅតែមិនទាន់ត្រូវបានដឹងនៅឡើយ ។ ស្ថាប័នឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិជាច្រើន បានអំពាវនាវម្ដងហើយម្ដងទៀតឱ្យរាជរដ្ឋាភិបាលកម្ពុជា ស្វែងរក និងកំណត់ទីកន្លែងដែលលោក Wanchalearm កំពុងស្ថិតនៅ ។ ទោះបីជាបានសន្យាក្នុងការស្វែងរកការពិតនៃ “ការចាប់ពង្រត់ដែលត្រូវបានចោទប្រកាន់” រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានធ្វើការស៊ើបអង្កេតដោយឆាប់រហ័ស ហ្មត់ចត់ និងឯករាជ្យ ចំពោះការបាត់ខ្លួនរបស់លោកនៅឡើយទេ ។
លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា បានបន្តបដិសេធអង្គហេតុដែលមិនអាចប្រកែកបានជុំវិញការបាត់ខ្លួនរបស់សកម្មជនរូបនេះ ព្រមទាំងបានបង្ហាញពីការខ្វះការប្ដេជ្ញាចិត្តដ៏ស្មោះត្រង់ ក្នុងការដោះស្រាយករណីនេះ ។ ឆ្លើយតបចំពោះសំណើចាត់វិធានការបន្ទាន់របស់គណៈកម្មាធិការនៃអង្គការសហប្រជាជាតិស្ដីពីការបាត់ខ្លួនដោយបង្ខំ (CED) កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា អាជ្ញាធរកម្ពុជា “មិនបានដឹង ឬទទួលបានព័ត៌មានពីការចាប់ពង្រត់ដែលត្រូវបានចោទប្រកាន់នោះទេ” ។ ការឆ្លើយតបក្រោយមកទៀតទៅកាន់គណៈកម្មាធិការនៃអង្គការសហប្រជាជាតិស្ដីពីការបាត់ខ្លួនដោយបង្ខំ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា នៅតែមិនបានផ្ដល់ព័ត៌មានជាក់លាក់ និងគ្រប់គ្រាន់ ពាក់ព័ន្ធនឹងការចាប់ពង្រត់ដែលត្រូវបានចោទប្រកាន់ ព្រមទាំងបានលើកឡើងថា នឹងព្យាយាមស្វែងរកការពិត “ប្រសិនបើពិតជាមានករណីចាប់ពង្រត់ និងប្រសិនបើករណីនេះពិតជាកើតឡើងនៅក្នុងប្រទេសកម្ពុជាពិតប្រាកដមែន” ។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកស្រី Sitanan Satsaksit ដែលជាបងស្រីរបស់លោក Wanchalearm បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីដាក់ឯកសារឱ្យចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតមុនពេលសវនាការ ។ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ អ្នកស្រី Sitanan ត្រូវបានកោះហៅឱ្យបង្ហាញខ្លួននៅចំពោះមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ ពាក់ព័ន្ធទៅនឹង “ការឃុំខ្លួន និងបង្ខាំងទុកដោយមិនត្រឹមត្រូវ” ទៅលើប្អូនប្រុសរបស់អ្នកស្រី នៅក្នុងរាជធានីភ្នំពេញ ។
ជាមួយគ្នានេះដែរនៅក្នុងប្រទេសថៃ អាជ្ញាធរមិនបានខិតខំប្រឹងប្រែងក្នុងការជួយគ្រួសាររបស់លោក Wanchalearm ដើម្បីស្វែងរកយុត្តិធម៌ ជុំវិញការបាត់ខ្លួនរបស់លោកទេ ។ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) បានលើកឡើងថា ទីភ្នាក់ងារនេះមិនបានចាត់ទុកករណីលោក Wanchalearm ជា “ករណីពិសេស” ដែលចាំបាច់សម្រាប់ការស៊ើបអង្កេតក្រោមដែនសមត្ថកិច្ចរបស់ខ្លួនទេ ។ ជាលទ្ធផល ករណីនេះត្រូវបានបញ្ជូនបន្តទៅកាន់ ការិយាល័យអគ្គមេធាវី ដើម្បីពិចារណា ។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ការិយាល័យអគ្គមេធាវីរបស់ប្រទេសថៃ បានបញ្ជូនករណីនេះ ត្រឡប់ទៅនាយកដ្ឋានស៊ើបអង្កេតពិសេសវិញ ដោយសារមន្ត្រីស៊ើបអង្កេត មិនបានរកឃើញភស្តុតាងណាមួយ ដែលបញ្ជាក់ថា លោក Wanchalearm បានស្ថិតនៅក្នុងប្រទេសកម្ពុជា នៅពេលដែលលោកបាត់ខ្លួន ឬក៏លោកពិតជាត្រូវបានចាប់ពង្រត់នៅក្នុងប្រទេសកម្ពុជាពិតមែន ឬយ៉ាងណានោះទេ ។
អង្គការយើងខ្ញុំ ពិតជាព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការខកខានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស៊ើបអង្កេតដែលគួរឱ្យជឿទុកចិត្តបាន ទៅលើការបាត់ខ្លួនដោយបង្ខំរបស់លោក Wanchalearm ។ យើងខ្ញុំ សូមស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា ស៊ើបអង្កេតឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព ទៅលើការបាត់ខ្លួនដោយបង្ខំរបស់លោក Wanchalearm និងវែកមុខអ្នកទទួលខុសត្រូវ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងធានាពី សិទ្ធិក្រុមគ្រួសាររបស់លោកក្នុងការទទួលបានសំណងការខូចខាត ស្របតាមបទប្បញ្ញត្តិនៃអនុសញ្ញាអន្តរជាតិស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ (ICPPED) ដែលកម្ពុជាជារដ្ឋភាគីផងនោះ ។
យើងខ្ញុំ ក៏សូមស្នើសុំឱ្យអាជ្ញាធរថៃ ផ្ដល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ ក៏ដូចជាបញ្ចូលបទប្បញ្ញត្តិនៅក្នុងអនុញ្ញានេះទៅក្នុងច្បាប់ជាតិរបស់ខ្លួន និងអនុវត្តបទប្បញ្ញត្តិទាំងនេះ ។
សវតារ
លោក Wanchalearm Satsaksit អ្នករិះគន់ឥតសំចៃមាត់លើរបបយោធាដែលបានដឹកនាំប្រទេសថៃចន្លោះពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ ត្រូវបានរាយការណ៍ថា ស្ថិតនៅក្នុងបញ្ជីឈ្មោះបុគ្គលដែលត្រូវបានចោទប្រកាន់ពីការប្រព្រឹត្តល្មើសនឹងមាត្រា១១២ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសថៃ (ប្រមាថព្រះមហាក្សត្រ) ដោយមានការចេញដីកាចាប់ខ្លួនពីសំណាក់សមត្ថកិច្ចថៃ ផងដែរ ។ លោកបានភៀសខ្លួនពីប្រទេសថៃទៅប្រទេសកម្ពុជា បន្ទាប់ពីការធ្វើរដ្ឋប្រហារយោធា កាលពីខែឧសភា ឆ្នាំ២០១៤ ។
លោក Wanchalearm ត្រូវបានឃើញលើកចុងក្រោយ នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ។ យោងតាមសក្ខីកម្មរបស់សាក្សីដែលបានឃើញហេតុការណ៍ លោក Wanchalearm ត្រូវបានចាប់ពង្រត់នៅខាងមុខអគារស្នាក់នៅរបស់លោកក្នុងរាជធានីភ្នំពេញ ដោយបុរសមួយក្រុមស្លៀកពាក់ឈុតខ្មៅដែលមិនស្គាល់អត្តសញ្ញាណ ។ លោក Wanchalearm ត្រូវបាននាំខ្លួនចេញទៅដោយរថយន្តពណ៌ខៀវចាស់ ឬខ្មៅ ម៉ាក Toyota Highlander ដែលមានស្លាកលេខ 2X 2307 ។
អនុសញ្ញាអន្តរជាតិស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ បានឱ្យនិយមន័យ ការបាត់ខ្លួនបង្ខំថាជា “ការចាប់ខ្លួន ការឃុំខ្លួន ការចាប់ពង្រត់ ឬទម្រង់ផ្សេងទៀតនៃការដកហូតសិទ្ធិ ធ្វើឡើងដោយភ្នាក់ងាររដ្ឋ ឬដោយបុគ្គល ឬដោយក្រុមបុគ្គលដែលមានការអនុញ្ញាត ការគាំទ្រឬការយល់ព្រមពីរដ្ឋ លុះក្រោយមកបានបដិសេធមិនទទួលស្គាល់ពីការដកហូតសេរីភាព ឬដោយមានការលាក់បាំងពីជោគវាសនា ឬទីកន្លែងជនបាត់ខ្លួន ដោយដាក់ជននោះឱ្យស្ថិតនៅក្រៅការការពារពីច្បាប់” ។ ការបាត់ខ្លួនដោយបង្ខំបានរំលោភបំពានសិទ្ធិមនុស្សជាច្រើន រួមមានសិទ្ធិទទួលបានសេចក្ដីថ្លៃថ្នូរផ្ទាល់ខ្លួន និងសិទ្ធិទទួលបានសេរីភាពនិងសន្តិសុខរបស់បុគ្គល ។ សិទ្ធិទាំងនេះ ត្រូវបានធានាដោយកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR) ដែលប្រទេសកម្ពុជានិងប្រទេសថៃ ជារដ្ឋភាគី ផងដែរ ៕
សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖
FIDH – International Federation for Human Rights
សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
Internet Law Reform Dialogue (iLaw)
Manushya Foundation
Thai Lawyers for Human Rights (TLHR)
Union for Civil Liberty (UCL)