របាយការណ៍៖ សង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាប្រឈមនឹងការរឹតត្បិត និងការរំលោភសិទ្ធិមនុស្សកាន់តែខ្លាំងឡើង

09/07/2020
Rapport
en es km

ទីក្រុងប៉ារីស - ហ្សឺណែវ៖ ថ្ងៃទី ៩ ខែកក្កដាឆ្នាំ ២០២០ - នៅក្នុងរបាយការណ៍ថ្មីមួយដែលចេញផ្សាយនៅថ្ងៃនេះ ស្ថាប័នឃ្លាំមើល និងការពារអ្នកការពារសិទ្ធិមនុស្ស (FIDH-OMCT) បានចងក្រងឯកសារអំពីការធ្វើទុក្ខបុកម្នេញដល់ក្រុមអ្នកការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា និងការបង្ក្រាបយ៉ាងធ្ងន់ធ្ងរលើសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។​

របាយការណ៍ ដែលមានចំណងជើងថា “ដួល ប៉ុន្តែមិនចុះញ៉ម - ការបង្ក្រាបលើអ្នកការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា” បានបង្ហាញថា អ្នកការពារសិទ្ធិមនុស្ស រួមមានទាំង អ្នកការពារសិទ្ធិដីធ្លី និងបរិស្ថាន អ្នកដឹកនាំកម្មករ អ្នកការពារសិទ្ធិស្រ្តី សកម្មជនលើប្រព័ន្ធអ៊ីនធើណែត និងក្រុមអ្នកសារព័តមាន ទទួលរងនូវអំពើហិង្សា ការបំភិតបំភ័យ ការឃុំឃាំង និងការបៀតបៀនក្នុងតុលាការ ពីរដ្ឋាភិបាលស្របពេលដែលទីកន្លែងសម្រាប់សកម្មភាពសង្គម កាន់តែមានភាពតូចចង្អៀត។ សកម្មភាពសិទ្ធិមនុស្ស ដូចជាការធ្វើបដិវាទដោយសន្តិភាព និងសិក្ខាសាលាអំពីសិទិ្ធមនុស្សជាច្រើន ត្រូវបានឃ្លាំមើល និងជ្រៀតជ្រែកពីសំណាក់អាជ្ញាធររដ្ឋាភិបាល។ របាយការណ៍នេះ ក៏បានបង្ហាញផងដែរថា រដ្ឋាភិបាលកម្ពុជាបានប្រើច្បាប់គាបសង្កត់ រួមជាមួយតុលាការស្ថិតនៅក្រោមរដ្ឋាភិបាល បៀតបៀន និងប៉ុនប៉ងបង្រ្កាបអ្នកការពារសិទ្ធិមនុស្ស។

“ក្នុងប្រទេសកម្ពុជា អ្នកការពាសិទ្ធិមនុស្សជាបុគ្គល និងជាសហគមន៍ជារឿយៗ ត្រូវបានគេវាយប្រហារ និងចាប់ដាក់ទោស នៅពេលពួកគេធ្វើសកម្មភាពការពារសិទ្ធិមនុស្ស។ អាជ្ញាធរប្រទេសកម្ពុជា ត្រូវតែផ្លាស់ប្តូរការអនុវត្តដែលមិនអាចទទួលយកបាននេះ ហើយត្រូវអនុញ្ញាតឱ្យសង្គមស៊ីវិលធ្វើប្រតិបត្តិការដោយសុវត្ថិភាព និងទទួលស្គាល់ភាពស្របច្បាប់របស់អ្នកការពារសិទ្ធិមនុស្ស - អ្នកដែលក្រោកឈរឡើងដើម្បីសិទ្ធិមនុស្ស ការអភិវឌ្ឍ និងយុត្តិធម៌សង្គមសម្រាប់មនុស្សទាំងអស់”

Adilur Rahman Khan អគ្គលេខាធិការ FIDH។

ក្នុងរយៈពេល ២ ទៅ៣ ឆ្នាំកន្លងមកនេះ អ្នកការពារសិទ្ធិមនុស្ស ត្រូវបានរដ្ឋាភិបាលកម្ពុជាផ្សាភ្ជាប់ទៅនឹង “បដិវត្តពណ៌” ក្លែងក្លាយ ដែលជាការចោទប្រកាន់ក្រោមការដឹកនាំរបស់អតីតក្រុមគណៈបក្សប្រឆាំង។ ទីកន្លែងសម្រាប់សង្គមស៊ីវិលកាន់តែមានភាពតូចចង្អៀត ចាប់តាំងពីរដ្ឋាភិបាលបានចាប់ផ្តើមវិធានការណ៍រឹតបន្តឹង មុនការបោះឆ្នោតជាតិកាលពីខែកក្កដាឆ្នាំ ២០១៨កន្លងទៅនេះ ហើយពីពេលនោះមកក្រុមអ្នកការពារសិទ្ធិមនុស្សបានធ្វើប្រតិបតិ្តការក្នុងបរិយាកាសគាបសង្កត់ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជានាពេលថ្មីៗ។

ចាប់តាំងពីខែមីនាឆ្នាំ ២០២០ រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ ការរីករាលដាលជាសកល របស់មេរោគកូរ៉ូណា (កូវីដ-១៩) ជាឱកាសដើម្បីបង្រ្កាបអ្នកប្រឆាំង។ ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ដែលបានប្រកាសនៅថ្ងៃទី ២៩ ខែមេសា ហើយប្រសិនបើត្រូវបានយកអនុវត្តនោះ នឹងនាំឱ្យមានការរឹតត្បិតសិទ្ធិ និងសេរីភាពបន្ថែមទៀត ដូចជាសិទ្ធិសេរីភាពក្នុងការដើរហើរ សេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការបង្កើតសមាគមនិងការជួបជុំដោយសន្តិវិធី។

“ប្រទេសកម្ពុជាបានក្លាយជាកន្លែងដ៏អាប់អួរសម្រាប់សង្គមស៊ីវិល ទាំងអ្នកដឹកនាំកម្មការ រហូតដល់អ្នកការពារសិទ្ធិដីធ្លី និងសកម្មជនលើអ៊ិនធើណែត។ រដ្ឋាភិបាលកម្ពុជាត្រូវតែបញ្ឈប់ការយាយីដល់ក្រុមអ្នកការពារសិទ្ធិមនុស្ស និងអនុម័តវិធានការបន្ទាន់ដើម្បីការពារពួកគេ និងធានាថាពួកគេអាចបន្តអនុវត្តការងារដ៏សំខាន់របស់ពួកគេបាន។”

Gerald Staberock. លេខាធិការនៃ OMCT

បរិបទ
របាយការណ៍នេះ ផ្អែកលើរបាយការណ៍បេសកកម្ម ស្វែងរកព័ត៌មានពិត នៅខែមិថុនាឆ្នាំ ២០១៩ ដោយស្ថាប័នឃ្លាំមើល និងការពារអ្នកការពារសិទ្ធិមនុស្ស (ការធ្វើកិច្ចសហការណ៍រវាង FIDH និង OMCT) ដើម្បីឆ្លើយតបលើការរាយការណ៍ពីសង្គមស៊ីវិល។ បេសកកម្មនេះ បានជួបជាមួយនឹងអ្នកពាក់ព័ន្ធជាច្រើន ដើម្បីពិនិត្យ និងវាយតម្លៃលើឧបសគ្គចម្បងៗ ចំពោះសកម្មភាពរបស់សង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា និងបានឃើញដោយផ្ទាល់នូវការលុបបំបាត់ សេរីភាពសង្គមស៊ីវិលបន្ទាប់ពីការបោះឆ្នោតឆ្នាំ ២០១៨ របស់ប្រទេសកម្ពុជា។ របាយការណ៍នេះក៏រួមបញ្ចូលនូវករណីនៃការយាយីលើសកម្មជនសង្គមស៊ីវិលនាពេលថ្មីៗនេះ ក៏ដូចជាបង្ហាញនូវអនុសាសន៍ជាច្រើនដល់តួអង្គពាក់ព័ន្ធជាច្រើនរួមមាន រដ្ឋាភិបាលកម្ពុជា សហភាពអឺរ៉ុប នីតិវិធីពិសេសរបស់អង្គការសហប្រជាជាតិប្រទេសម្ចាស់ជំនួយ និងអ្នកពាក់ព័ន្ធដទៃទៀតដើម្បីដោះស្រាយលើ ស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។

ទំនាក់ទំនងពីសេចក្តីថ្លែងការណ៍៖
FIDH: Samuel Hanryon (ភាសាអង់គ្លេស និង បារាំង) +33 6 72 28 42 94 / អ៊ីម៉ែល: shanryon@fidh.org (ទីក្រុងប៉ារីស)
OMCT: Ms. Iolanda Jaquemet (ភាសាអង់គ្លេស និង បារាំង) +41 79 539 41 06 / អ៊ីម៉ែល: ij@omct.org (ហ្សឺណែវ)

ស្ថាប័នឃ្លាំមើល និងការពារអ្នកការពារសិទ្ធិមនុស្ស (the Observatory) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1997 ដោយ FIDH និង អង្គការប្រឆាំងនឹងទារុណកម្មពិភពលោក(OMCT)។ គោលបំណងនៃកម្មវិធីនេះគឺធ្វើអន្តរាគមន៍ក្នុងកិច្ចការពារ ឬដោះស្រាយស្ថានការណ៍នៃកាយាយីទៅលើអ្នកការពារសិទ្ធិមនុស្ស។ FIDH និង OMCT គឺជាសមាជិកនៃ ProtectDefenders.eu ដែលជាយន្តការការពារសិទ្ធិមនុស្សរបស់សហភាពអឺរ៉ុបអនុវត្តដោយសង្គមស៊ីវិលអន្តរជាតិ។

Lire la suite