កម្ពុជា៖ ស្ថាប័នអង្គការសហប្រជាជាតិ ពិនិត្យមើលស្ថានភាពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ខណៈដែលមានការរឹតត្បិតកាន់តែខ្លាំងឡើងៗពីសំណាក់រាជរដ្ឋាភិបាល

08/03/2022
La FIDH à l'ONU
en km
STR / AFP

(ទីក្រុងប៉ារីស) នៅមុនពេលការពិនិត្យមើលឡើងវិញដោយស្ថាប័នសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ អង្គការសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិនាថ្ងៃនេះ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនការរឹតត្បិតកាន់តែខ្លាំងឡើងៗទៅលើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយសំខាន់ៗ តាមរយៈការប្រើប្រាស់ច្បាប់ដោយមិនត្រឹមត្រូវ និងការធ្វើទុក្ខបុកម្នេញជ្រុលហួសហេតុទៅលើគូប្រជែងនយោបាយ អ្នកការពារសិទ្ធិមនុស្ស កម្មករនយោជិតដែលធ្វើកូដកម្ម និងអ្នករិះគន់ដោយអហិង្សា ។ ​

ស្ថានភាពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅក្នុងប្រទេសកម្ពុជា នឹងត្រូវបានពិនិត្យមើលឡើងវិញដោយគណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ។ គណៈកម្មាធិការនេះ ឃ្លាំមើលការអនុវត្តរបស់រដ្ឋភាគីទៅលើកាតព្វកិច្ចផ្លូវច្បាប់របស់ពួកគេ ផ្អែកតាមកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ។ កម្ពុជាគឺជារដ្ឋភាគីមួយនៃកតិកានេះ ។

“ការធ្លាក់ចុះកាន់តែខ្លាំងឡើងៗនៃសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា បង្ហាញថា រាជរដ្ឋាភិបាលនេះ បានបរាជ័យទាំងស្រុងក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួនតាមច្បាប់អន្តរជាតិ ។ គណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ មានឱកាសដ៏សំខាន់ និងទាន់ពេលវេលាមួយ ក្នុងការដាក់ចេញអនុសាសន៍ដែលមានឥទ្ធិពល ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ នៅមុនការបោះឆ្នោតសកលឆ្នាំក្រោយ” ។

Adilur Rahman Khan អគ្គលេខាធិការនៃអង្គការសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិបាន

ជាផ្នែកមួយនៃការពិនិត្យមើលឡើងវិញរបស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អង្គការសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ បានដាក់ជូននូវរបាយការណ៍ស្រមោលមួយ ដែលចងក្រងឯកសារអំពីការរំលោភបំពានធ្ងន់ធ្ងរជាច្រើន ទៅលើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយសំខាន់ៗ ប្រព្រឹត្តដោយអាជ្ញាធរកម្ពុជា ចាប់តាំងពីការពិនិត្យមើលឡើងវិញលើកមុនដោយគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីខែមីនា ឆ្នាំ២០១៥ ។

ការព្រួយបារម្ភសំខាន់ៗដែលបានលើកឡើងនៅក្នុងរបាយការណ៍ស្រមោលមានដូចជា ១) ការវាយប្រហារបែបហិង្សា ការចាប់ខ្លួនតាមអំពើចិត្ត និងការចាត់វិធានការផ្លូវច្បាប់ដែលមានចរិតនយោបាយទៅលើគូប្រជែងនយោបាយ នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ ​និងការបោះឆ្នោតសកលឆ្នាំ២០២៣ ។ ២) ច្បាប់ដែលមានលក្ខណៈរឹតត្បិត ដែលប៉ះពាល់ដល់សិទ្ធិចូលរួមក្នុងនយោបាយ និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ។ ៣) បទប្បញ្ញត្តិស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ដែលផ្ដល់អំណាចតាមដានយ៉ាងទូលំទូលាយដល់រាជរដ្ឋាភិបាល និងធ្វើឱ្យរួមតូចនូវលំហសេរីភាពអនឡាញឆ្នាំ២០២២ ។ ៤) ការបន្តបង្រ្កាបទៅលើសេរីភាពក្នុងការបញ្ចេញមតិរបស់សហជីព សកម្មជន ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នករិះគន់រាជរដ្ឋាភិបាល ។ ៥) បទចោទមិនត្រឹមត្រូវ និងការប្រើប្រាស់កងកម្លាំងច្រើនលើសលប់ប្រឆាំងនឹងកម្មករនយោជិតដែលធ្វើកូដកម្ម សហគមន៍ដែលតវ៉ានឹងការរំលោភយកដីធ្លី និងអ្នកតវ៉ាដោយសន្តិវិធីផ្សេងទៀត ។ ៦) ការដកហូតដីធ្លីរបស់ជនជាតិដើមភាគតិចតាមរយៈការអនុវត្តការផ្ដល់កម្ចីឥណទានដែលគ្មានក្រមសីលធម៌នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និង ៧) អត្រាដ៏ខ្ពស់នៃការឃុំខ្លួនបណ្ដោះអាសន្នរយៈពេលវែងសម្រាប់បុរស ស្រ្តី និងកុមារ នៅក្នុងពន្ធនាគារដែលមានភាពចង្អៀតណែនខ្លាំង ដោយដាក់ពួកគេឱ្យរស់នៅក្នុងស្ថានភាពអាក្រក់ ឥតមនុស្សធម៌ និងគ្មានតម្លៃ ។

របាយការណ៍នេះ ក៏បង្ហាញពីរបៀបដែលរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើជាលេស ដើម្បីពង្រីកអំណាចរបស់ខ្លួន និងធ្វើការរឹតត្បិតដោយមិនសមហេតុផលទៅលើសិទ្ធិឯកជនភាព សេរីភាពក្នុងការសម្ដែងមតិ និងសេរីភាពក្នុងការប្រមូលផ្ដុំគ្នាដោយសន្តិវិធី ជាដើម ៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
អ្នកនាង Eva Canan (ទីក្រុងប៉ារីស) តាមរយៈទូរស័ព្ទលេខ +33648059157 ឬអ៊ីម៉ែល៖ ecanan@fidh.org
Lire la suite