កម្ពុជា៖ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន បើកផ្លូវឱ្យមានការរំលោភសិទ្ធិមនុស្ស

07/04/2020
Communiqué
en km

(ក្រុងប៉ារីស ក្រុងស្តុកហូម) សេចក្ដីស្នើច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្នរបស់រាជរដ្ឋាភិបាលកម្ពុជា​បើកផ្លូវឱ្យមានការរំលោភសិទ្ធិមនុស្សជាមូលដ្ឋានដោយគ្មានតម្លាភាព នេះបើតាមសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ និងអង្គការការពារ​សិទ្ធិជនស៊ីវិលនៅថ្ងៃនេះ ដែលបានរៀបរាប់ នៅក្នុងសេចក្ដីវិភាគចំនួន១១ទំព័រនៃសេចក្ដីព្រាងច្បាប់នេះ។​ ទាញយកអត្ថបទសង្ខេបជាភាសាខ្មែរ

កាលពីចុងខែមីនា ឆ្នាំ២០២០ ជាផ្នែកមួយនៃការឆ្លើយតបរបស់រាជរដ្ឋាភិបាល ចំពោះការបន្តរីករាលដាលជាសកលនៃជំងឺកូវីដ១៩ គណៈកម្មាធិការអចិន្រ្តៃយ៍នៃទីស្ដីការគណៈរដ្ឋមន្រ្តីបានធ្វើការអនុម័តលើ “សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន” ដោយមានចែងអំពីបែបបទ នីតិវិធី និងលក្ខខណ្ឌ សម្រាប់ការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ សេចក្ដីព្រាងច្បាប់ដែលបានលេចធ្លាយជាសាធារណៈ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ ត្រូវបានរំពឹងថា នឹងត្រូវយកទៅពិភាក្សា និងអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភា ដែលស្ថាប័នទាំងពីរនេះគ្រប់គ្រងដោយគណបក្សកាន់អំណាចគឺ គណបក្សប្រជាជនកម្ពុជា។

“ខណៈដែលការរឹតត្បិតសិទ្ធិជាក់លាក់មួយចំនួនត្រូវបានអនុញ្ញាតសម្រាប់ការការពារសុខភាពសាធារណៈ ការទប់ស្កាត់ទាំងនេះត្រូវធ្វើឡើងដោយសមស្រប និងបណ្ដោះអាសន្ន ដែលចំណុចទាំងពីរនេះមិនទាន់ឃើញមានដាក់បញ្ចូលនៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននៅឡើយទេ។ ប្រសិនបើសេចក្ដីព្រាងនេះមិនត្រូវបានធ្វើការកែសម្រួលភ្លាមៗ ដើម្បីឱ្យស្របទៅនឹងបទដ្ឋានអន្តរជាតិទេ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចនឹងធ្វើឱ្យមានគ្រោះថ្នាក់ ច្រើនជាងចំណុចល្អ”។

លោក Adilur Rahman Khan, អគ្គលេខាធិការនៃសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ

ប្រសិនបើត្រូវបានអនុម័តក្នុងទម្រង់បច្ចុប្បន្ន សេចក្ដីព្រាងច្បាប់នេះនឹងផ្ដល់អំណាចទូលំទូលាយទាំងស្រុងដោយគ្មានតម្លាភាពដល់រាជរដ្ឋាភិបាល នៅក្នុងវិធីមួយដែលមិនស្របជាមួយនឹងការការពារ និងការរឹតត្បិត ដូចមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR) ដែលកម្ពុជាជារដ្ឋភាគី។

ភាពមិនច្បាស់លាស់ និងភាពទូលំទូលាយពេកនៃមាត្រា៣ និងមាត្រា៤នៃសេចក្ដីព្រាងច្បាប់នេះ អាចអនុញ្ញាតឱ្យមានការដាក់ប្រទេសស្ថិតក្នុងភាពអាសន្ន នៅពេលដែលកម្ពុជាប្រឈមមុខនឹង “គ្រោះថ្នាក់” និង “ហានិភ័យខ្ពស់”​ ជាលក្ខខណ្ឌមិនច្បាស់លាស់ទាំងស្រុង​​ ដែលអាចផ្ដល់អំណាចឱ្យរាជរដ្ឋាភិបាល ប្រកាសការដាក់ប្រទេសជាតិឱ្យស្ថិតក្នុងភាពអាសន្ននៅស្ទើរតែគ្រប់ហេតុការណ៍ ដែលត្រូវបានចាត់ទុកថាជា “គ្រោះថ្នាក់”។ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ននេះ​ អាចនឹងត្រូវប្រកាសឱ្យប្រើដោយមិនកំណត់ពេលវេលាផងដែរ។

នៅពេលដែលវិធានការដាក់ប្រទេសជាតិក្នុងភាពអាសន្នត្រូវបានដាក់ចេញ មាត្រា៥ផ្ដល់សិទ្ធិអំណាចឱ្យរាជរដ្ឋាភិបាលបង្កើតវិធានការជាច្រើន ដើម្បីរឹតត្បិតសិទ្ធិមនុស្សជាមូលដ្ឋាន ក្នុងនោះមាន ការហាមឃាត់ឬការរឹតត្បិតសិទ្ធិសេរីភាពក្នុងការដើរហើរ ការហាមឃាត់ ឬការរឹតត្បិតសិទ្ធិសេរីភាពក្នុងការជួបជុំនិងប្រមូលផ្ដុំគ្នាដោយសន្ដិវិធី ​ការហាមឃាត់ឬការរឹតត្បិតសកម្មភាពការងារ​និងមុខរបរ ក៏ដូចជាការឃ្លាំមើល ការតាមដាន និងការប្រមូលព័ត៌មានតាមរយៈប្រព័ន្ធទូរគមនាគមន៍ ដោយប្រើប្រាស់មធ្យោបាយចាំបាច់ណាមួយ។

វិធានការទាំងនេះអាចធ្វើឱ្យសេរីភាពជាមូលដ្ឋានដូចជា ការបញ្ចេញមតិ ការជួបជុំ​និងការប្រមូលផ្ដុំដោយសន្ដិវិធី ប្រឈមនឹងការរឹតត្បិតជ្រុលហួសហេតុ និងមិនចាំបាច់មួយចំនួន។

សេចក្ដីព្រាងច្បាប់នេះក៏មិនមានចែងពីការត្រួតពិនិត្យដោយតឹងរឹង និងឯករាជ្យ ចំពោះការប្រើប្រាស់អំណាចនីតិប្រតិបត្តិ។ មាត្រា៦គ្រាន់តែចែងថា រាជរដ្ឋាភិបាលត្រូវ “រាយការណ៍ជាប្រចាំ” ជូនទៅរដ្ឋសភា និងព្រឹទ្ធសភា ដែលស្ថាប័នទាំងពីរអាច “ស្នើសុំព័ត៌មានចាំបាច់បន្ថែមផ្សេងទៀត”។

មាត្រា៧​ និងមាត្រា៨ មានចែងពីទោសព្រហ្មទណ្ឌដ៏ធ្ងន់ធ្ងរ និងមិនសមស្រប ចំពោះបទល្មើសមិនច្បាស់លាស់ជាច្រើនដូចជា “អំពើដោយចេតនារារាំង បង្កឧបសគ្គ ឬមិនគោរព” វិធានការដាក់ចេញដោយរាជរដ្ឋាភិបាល។ “ការមិនគោរព” អាចត្រូវបានបកស្រាយជាអ្វីដែលកើតមកពីអំពើមិនគោរពដោយចេតនា ក្នុងការចែករំលែកគំនិតយោបល់រិះគន់ជាលក្ខណៈឯកជន។ ការផ្ដន្ទាទោសដាក់ពន្ធនាគារជាអតិបរមាចំនួន១០ឆ្នាំ អាចត្រូវបានធ្វើឡើងចំពោះជនណាដែលត្រូវបានចោទប្រកាន់ពីការធ្វើសកម្មភាពដែលនាំឱ្យមាន “ចលាចលជាសាធារណៈ” ឬ “ប៉ះពាល់ដល់សន្ដិសុខជាតិ” ដែលជាលក្ខខណ្ឌមិនច្បាស់លាស់អាចឱ្យមានការបកស្រាយដោយមិនត្រឹមត្រូវ។

ជាចុងក្រោយ មាត្រា៩បានបន្ថែមការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល និងការពិន័យយ៉ាងធ្ងន់ធ្ងររហូតដល់១០០០លានរៀល (ប្រមាណ២៤៥០០០ដុល្លារ) ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា១៦៨នៃក្រមព្រហ្មទណ្ឌ។ បទបញ្ញត្តិនេះបង្កើតឱ្យមានហានិភ័យធ្ងន់ធ្ងរចំពោះអង្គការ និងសមាគម ដែលអាចត្រូវរំលាយចោល ឬដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ​ ឬប្រឈមនឹងទោសធ្ងន់ធ្ងរផ្សេងទៀត​ ប្រសិនបើសូម្បីតែមានសមាជិកណាម្នាក់ត្រូវបានរកឃើញថាមានទោសអំពីការបំពានវិធានការរបស់ រាជរដ្ឋា​ភិបាលផ្អែកតាមច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននេះ។

សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន​អាចផ្ដល់អំណាចមិនសមស្រប និងមិនច្បាស់លាស់មួយចំនួន​ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរឹតត្បិតសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ ដោយហេតុនេះ សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ និងអង្គការការពារសិទ្ធិជនស៊ីវិល សូមជំរុញឱ្យរាជរដ្ឋាភិបាលធ្វើការកែសម្រួលសេចក្ដីព្រាងច្បាប់នេះជាបន្ទាប់ ដើម្បីឱ្យស្របទៅនឹងបទដ្ឋានអន្តរជាតិ៕

Lire la suite