ភាសាខ្មែរ

កម្ពុជា៖ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន បើកផ្លូវឱ្យមានការរំលោភសិទ្ធិមនុស្ស

កាលពីចុងខែមីនា ឆ្នាំ២០២០ ជាផ្នែកមួយនៃការឆ្លើយតបរបស់រាជរដ្ឋាភិបាល ចំពោះការបន្តរីករាលដាលជាសកលនៃជំងឺកូវីដ១៩ គណៈកម្មាធិការអចិន្រ្តៃយ៍នៃទីស្ដីការគណៈរដ្ឋមន្រ្តីបានធ្វើការអនុម័តលើ “សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន” ដោយមានចែងអំពីបែបបទ នីតិវិធី និងលក្ខខណ្ឌ សម្រាប់ការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ សេចក្ដីព្រាងច្បាប់ដែលបានលេចធ្លាយជាសាធារណៈ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ ត្រូវបានរំពឹងថា នឹងត្រូវយកទៅពិភាក្សា និងអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភា ដែលស្ថាប័នទាំងពីរនេះគ្រប់គ្រងដោយគណបក្សកាន់អំណាចគឺ គណបក្សប្រជាជនកម្ពុជា។

“ខណៈដែលការរឹតត្បិតសិទ្ធិជាក់លាក់មួយចំនួនត្រូវបានអនុញ្ញាតសម្រាប់ការការពារសុខភាពសាធារណៈ ការទប់ស្កាត់ទាំងនេះត្រូវធ្វើឡើងដោយសមស្រប និងបណ្ដោះអាសន្ន ដែលចំណុចទាំងពីរនេះមិនទាន់ឃើញមានដាក់បញ្ចូលនៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននៅឡើយទេ។ ប្រសិនបើសេចក្ដីព្រាងនេះមិនត្រូវបានធ្វើការកែសម្រួលភ្លាមៗ ដើម្បីឱ្យស្របទៅនឹងបទដ្ឋានអន្តរជាតិទេ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចនឹងធ្វើឱ្យមានគ្រោះថ្នាក់ ច្រើនជាងចំណុចល្អ”។

លោក Adilur Rahman Khan, អគ្គលេខាធិការនៃសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ

ប្រសិនបើត្រូវបានអនុម័តក្នុងទម្រង់បច្ចុប្បន្ន សេចក្ដីព្រាងច្បាប់នេះនឹងផ្ដល់អំណាចទូលំទូលាយទាំងស្រុងដោយគ្មានតម្លាភាពដល់រាជរដ្ឋាភិបាល នៅក្នុងវិធីមួយដែលមិនស្របជាមួយនឹងការការពារ និងការរឹតត្បិត ដូចមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR) ដែលកម្ពុជាជារដ្ឋភាគី។

ភាពមិនច្បាស់លាស់ និងភាពទូលំទូលាយពេកនៃមាត្រា៣ និងមាត្រា៤នៃសេចក្ដីព្រាងច្បាប់នេះ អាចអនុញ្ញាតឱ្យមានការដាក់ប្រទេសស្ថិតក្នុងភាពអាសន្ន នៅពេលដែលកម្ពុជាប្រឈមមុខនឹង “គ្រោះថ្នាក់” និង “ហានិភ័យខ្ពស់”​ ជាលក្ខខណ្ឌមិនច្បាស់លាស់ទាំងស្រុង​​ ដែលអាចផ្ដល់អំណាចឱ្យរាជរដ្ឋាភិបាល ប្រកាសការដាក់ប្រទេសជាតិឱ្យស្ថិតក្នុងភាពអាសន្ននៅស្ទើរតែគ្រប់ហេតុការណ៍ ដែលត្រូវបានចាត់ទុកថាជា “គ្រោះថ្នាក់”។ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ននេះ​ អាចនឹងត្រូវប្រកាសឱ្យប្រើដោយមិនកំណត់ពេលវេលាផងដែរ។

នៅពេលដែលវិធានការដាក់ប្រទេសជាតិក្នុងភាពអាសន្នត្រូវបានដាក់ចេញ មាត្រា៥ផ្ដល់សិទ្ធិអំណាចឱ្យរាជរដ្ឋាភិបាលបង្កើតវិធានការជាច្រើន ដើម្បីរឹតត្បិតសិទ្ធិមនុស្សជាមូលដ្ឋាន ក្នុងនោះមាន ការហាមឃាត់ឬការរឹតត្បិតសិទ្ធិសេរីភាពក្នុងការដើរហើរ ការហាមឃាត់ ឬការរឹតត្បិតសិទ្ធិសេរីភាពក្នុងការជួបជុំនិងប្រមូលផ្ដុំគ្នាដោយសន្ដិវិធី ​ការហាមឃាត់ឬការរឹតត្បិតសកម្មភាពការងារ​និងមុខរបរ ក៏ដូចជាការឃ្លាំមើល ការតាមដាន និងការប្រមូលព័ត៌មានតាមរយៈប្រព័ន្ធទូរគមនាគមន៍ ដោយប្រើប្រាស់មធ្យោបាយចាំបាច់ណាមួយ។

វិធានការទាំងនេះអាចធ្វើឱ្យសេរីភាពជាមូលដ្ឋានដូចជា ការបញ្ចេញមតិ ការជួបជុំ​និងការប្រមូលផ្ដុំដោយសន្ដិវិធី ប្រឈមនឹងការរឹតត្បិតជ្រុលហួសហេតុ និងមិនចាំបាច់មួយចំនួន។

សេចក្ដីព្រាងច្បាប់នេះក៏មិនមានចែងពីការត្រួតពិនិត្យដោយតឹងរឹង និងឯករាជ្យ ចំពោះការប្រើប្រាស់អំណាចនីតិប្រតិបត្តិ។ មាត្រា៦គ្រាន់តែចែងថា រាជរដ្ឋាភិបាលត្រូវ “រាយការណ៍ជាប្រចាំ” ជូនទៅរដ្ឋសភា និងព្រឹទ្ធសភា ដែលស្ថាប័នទាំងពីរអាច “ស្នើសុំព័ត៌មានចាំបាច់បន្ថែមផ្សេងទៀត”។

មាត្រា៧​ និងមាត្រា៨ មានចែងពីទោសព្រហ្មទណ្ឌដ៏ធ្ងន់ធ្ងរ និងមិនសមស្រប ចំពោះបទល្មើសមិនច្បាស់លាស់ជាច្រើនដូចជា “អំពើដោយចេតនារារាំង បង្កឧបសគ្គ ឬមិនគោរព” វិធានការដាក់ចេញដោយរាជរដ្ឋាភិបាល។ “ការមិនគោរព” អាចត្រូវបានបកស្រាយជាអ្វីដែលកើតមកពីអំពើមិនគោរពដោយចេតនា ក្នុងការចែករំលែកគំនិតយោបល់រិះគន់ជាលក្ខណៈឯកជន។ ការផ្ដន្ទាទោសដាក់ពន្ធនាគារជាអតិបរមាចំនួន១០ឆ្នាំ អាចត្រូវបានធ្វើឡើងចំពោះជនណាដែលត្រូវបានចោទប្រកាន់ពីការធ្វើសកម្មភាពដែលនាំឱ្យមាន “ចលាចលជាសាធារណៈ” ឬ “ប៉ះពាល់ដល់សន្ដិសុខជាតិ” ដែលជាលក្ខខណ្ឌមិនច្បាស់លាស់អាចឱ្យមានការបកស្រាយដោយមិនត្រឹមត្រូវ។

ជាចុងក្រោយ មាត្រា៩បានបន្ថែមការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល និងការពិន័យយ៉ាងធ្ងន់ធ្ងររហូតដល់១០០០លានរៀល (ប្រមាណ២៤៥០០០ដុល្លារ) ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា១៦៨នៃក្រមព្រហ្មទណ្ឌ។ បទបញ្ញត្តិនេះបង្កើតឱ្យមានហានិភ័យធ្ងន់ធ្ងរចំពោះអង្គការ និងសមាគម ដែលអាចត្រូវរំលាយចោល ឬដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ​ ឬប្រឈមនឹងទោសធ្ងន់ធ្ងរផ្សេងទៀត​ ប្រសិនបើសូម្បីតែមានសមាជិកណាម្នាក់ត្រូវបានរកឃើញថាមានទោសអំពីការបំពានវិធានការរបស់ រាជរដ្ឋា​ភិបាលផ្អែកតាមច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននេះ។

សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន​អាចផ្ដល់អំណាចមិនសមស្រប និងមិនច្បាស់លាស់មួយចំនួន​ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរឹតត្បិតសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ ដោយហេតុនេះ សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ និងអង្គការការពារសិទ្ធិជនស៊ីវិល សូមជំរុញឱ្យរាជរដ្ឋាភិបាលធ្វើការកែសម្រួលសេចក្ដីព្រាងច្បាប់នេះជាបន្ទាប់ ដើម្បីឱ្យស្របទៅនឹងបទដ្ឋានអន្តរជាតិ៕

របាយការណ៍៖ សង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាប្រឈមនឹងការរឹតត្បិត និងការរំលោភសិទ្ធិមនុស្សកាន់តែខ្លាំងឡើង

របាយការណ៍ ដែលមានចំណងជើងថា “ដួល ប៉ុន្តែមិនចុះញ៉ម - ការបង្ក្រាបលើអ្នកការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា” បានបង្ហាញថា អ្នកការពារសិទ្ធិមនុស្ស រួមមានទាំង អ្នកការពារសិទ្ធិដីធ្លី និងបរិស្ថាន អ្នកដឹកនាំកម្មករ អ្នកការពារសិទ្ធិស្រ្តី សកម្មជនលើប្រព័ន្ធអ៊ីនធើណែត និងក្រុមអ្នកសារព័តមាន ទទួលរងនូវអំពើហិង្សា ការបំភិតបំភ័យ ការឃុំឃាំង និងការបៀតបៀនក្នុងតុលាការ ពីរដ្ឋាភិបាលស្របពេលដែលទីកន្លែងសម្រាប់សកម្មភាពសង្គម កាន់តែមានភាពតូចចង្អៀត។ សកម្មភាពសិទ្ធិមនុស្ស ដូចជាការធ្វើបដិវាទដោយសន្តិភាព និងសិក្ខាសាលាអំពីសិទិ្ធមនុស្សជាច្រើន ត្រូវបានឃ្លាំមើល និងជ្រៀតជ្រែកពីសំណាក់អាជ្ញាធររដ្ឋាភិបាល។ របាយការណ៍នេះ ក៏បានបង្ហាញផងដែរថា រដ្ឋាភិបាលកម្ពុជាបានប្រើច្បាប់គាបសង្កត់ រួមជាមួយតុលាការស្ថិតនៅក្រោមរដ្ឋាភិបាល បៀតបៀន និងប៉ុនប៉ងបង្រ្កាបអ្នកការពារសិទ្ធិមនុស្ស។

“ក្នុងប្រទេសកម្ពុជា អ្នកការពាសិទ្ធិមនុស្សជាបុគ្គល និងជាសហគមន៍ជារឿយៗ ត្រូវបានគេវាយប្រហារ និងចាប់ដាក់ទោស នៅពេលពួកគេធ្វើសកម្មភាពការពារសិទ្ធិមនុស្ស។ អាជ្ញាធរប្រទេសកម្ពុជា ត្រូវតែផ្លាស់ប្តូរការអនុវត្តដែលមិនអាចទទួលយកបាននេះ ហើយត្រូវអនុញ្ញាតឱ្យសង្គមស៊ីវិលធ្វើប្រតិបត្តិការដោយសុវត្ថិភាព និងទទួលស្គាល់ភាពស្របច្បាប់របស់អ្នកការពារសិទ្ធិមនុស្ស - អ្នកដែលក្រោកឈរឡើងដើម្បីសិទ្ធិមនុស្ស ការអភិវឌ្ឍ និងយុត្តិធម៌សង្គមសម្រាប់មនុស្សទាំងអស់”

Adilur Rahman Khan អគ្គលេខាធិការ FIDH។

ក្នុងរយៈពេល ២ ទៅ៣ ឆ្នាំកន្លងមកនេះ អ្នកការពារសិទ្ធិមនុស្ស ត្រូវបានរដ្ឋាភិបាលកម្ពុជាផ្សាភ្ជាប់ទៅនឹង “បដិវត្តពណ៌” ក្លែងក្លាយ ដែលជាការចោទប្រកាន់ក្រោមការដឹកនាំរបស់អតីតក្រុមគណៈបក្សប្រឆាំង។ ទីកន្លែងសម្រាប់សង្គមស៊ីវិលកាន់តែមានភាពតូចចង្អៀត ចាប់តាំងពីរដ្ឋាភិបាលបានចាប់ផ្តើមវិធានការណ៍រឹតបន្តឹង មុនការបោះឆ្នោតជាតិកាលពីខែកក្កដាឆ្នាំ ២០១៨កន្លងទៅនេះ ហើយពីពេលនោះមកក្រុមអ្នកការពារសិទ្ធិមនុស្សបានធ្វើប្រតិបតិ្តការក្នុងបរិយាកាសគាបសង្កត់ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជានាពេលថ្មីៗ។

ចាប់តាំងពីខែមីនាឆ្នាំ ២០២០ រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ ការរីករាលដាលជាសកល របស់មេរោគកូរ៉ូណា (កូវីដ-១៩) ជាឱកាសដើម្បីបង្រ្កាបអ្នកប្រឆាំង។ ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ដែលបានប្រកាសនៅថ្ងៃទី ២៩ ខែមេសា ហើយប្រសិនបើត្រូវបានយកអនុវត្តនោះ នឹងនាំឱ្យមានការរឹតត្បិតសិទ្ធិ និងសេរីភាពបន្ថែមទៀត ដូចជាសិទ្ធិសេរីភាពក្នុងការដើរហើរ សេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការបង្កើតសមាគមនិងការជួបជុំដោយសន្តិវិធី។

“ប្រទេសកម្ពុជាបានក្លាយជាកន្លែងដ៏អាប់អួរសម្រាប់សង្គមស៊ីវិល ទាំងអ្នកដឹកនាំកម្មការ រហូតដល់អ្នកការពារសិទ្ធិដីធ្លី និងសកម្មជនលើអ៊ិនធើណែត។ រដ្ឋាភិបាលកម្ពុជាត្រូវតែបញ្ឈប់ការយាយីដល់ក្រុមអ្នកការពារសិទ្ធិមនុស្ស និងអនុម័តវិធានការបន្ទាន់ដើម្បីការពារពួកគេ និងធានាថាពួកគេអាចបន្តអនុវត្តការងារដ៏សំខាន់របស់ពួកគេបាន។”

Gerald Staberock. លេខាធិការនៃ OMCT

បរិបទ
របាយការណ៍នេះ ផ្អែកលើរបាយការណ៍បេសកកម្ម ស្វែងរកព័ត៌មានពិត នៅខែមិថុនាឆ្នាំ ២០១៩ ដោយស្ថាប័នឃ្លាំមើល និងការពារអ្នកការពារសិទ្ធិមនុស្ស (ការធ្វើកិច្ចសហការណ៍រវាង FIDH និង OMCT) ដើម្បីឆ្លើយតបលើការរាយការណ៍ពីសង្គមស៊ីវិល។ បេសកកម្មនេះ បានជួបជាមួយនឹងអ្នកពាក់ព័ន្ធជាច្រើន ដើម្បីពិនិត្យ និងវាយតម្លៃលើឧបសគ្គចម្បងៗ ចំពោះសកម្មភាពរបស់សង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា និងបានឃើញដោយផ្ទាល់នូវការលុបបំបាត់ សេរីភាពសង្គមស៊ីវិលបន្ទាប់ពីការបោះឆ្នោតឆ្នាំ ២០១៨ របស់ប្រទេសកម្ពុជា។ របាយការណ៍នេះក៏រួមបញ្ចូលនូវករណីនៃការយាយីលើសកម្មជនសង្គមស៊ីវិលនាពេលថ្មីៗនេះ ក៏ដូចជាបង្ហាញនូវអនុសាសន៍ជាច្រើនដល់តួអង្គពាក់ព័ន្ធជាច្រើនរួមមាន រដ្ឋាភិបាលកម្ពុជា សហភាពអឺរ៉ុប នីតិវិធីពិសេសរបស់អង្គការសហប្រជាជាតិប្រទេសម្ចាស់ជំនួយ និងអ្នកពាក់ព័ន្ធដទៃទៀតដើម្បីដោះស្រាយលើ ស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។

ទំនាក់ទំនងពីសេចក្តីថ្លែងការណ៍៖
FIDH: Samuel Hanryon (ភាសាអង់គ្លេស និង បារាំង) +33 6 72 28 42 94 / អ៊ីម៉ែល: shanryon@fidh.org (ទីក្រុងប៉ារីស)
OMCT: Ms. Iolanda Jaquemet (ភាសាអង់គ្លេស និង បារាំង) +41 79 539 41 06 / អ៊ីម៉ែល: ij@omct.org (ហ្សឺណែវ)

ស្ថាប័នឃ្លាំមើល និងការពារអ្នកការពារសិទ្ធិមនុស្ស (the Observatory) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1997 ដោយ FIDH និង អង្គការប្រឆាំងនឹងទារុណកម្មពិភពលោក(OMCT)។ គោលបំណងនៃកម្មវិធីនេះគឺធ្វើអន្តរាគមន៍ក្នុងកិច្ចការពារ ឬដោះស្រាយស្ថានការណ៍នៃកាយាយីទៅលើអ្នកការពារសិទ្ធិមនុស្ស។ FIDH និង OMCT គឺជាសមាជិកនៃ ProtectDefenders.eu ដែលជាយន្តការការពារសិទ្ធិមនុស្សរបស់សហភាពអឺរ៉ុបអនុវត្តដោយសង្គមស៊ីវិលអន្តរជាតិ។

ប្រទេសកម្ពុជា៖​ មួយឆ្នាំ​ក្រោយមក​ នៅតែ​គ្មាន​ការស៊ើបអង្កេត​គួរឱ្យ​ទុកចិត្ត​ណាមួយ​ទៅលើ​ការបាត់ខ្លួន​ដោយបង្ខំ​របស់លោក​ Wanchalearm​ Satsaksit

រយៈពេល​មួយឆ្នាំ​ បន្ទាប់ពី​ការបាត់ខ្លួន​ដោយបង្ខំ​របស់​ លោក ​Wanchalearm​ ជោគវាសនា ​និងទីកន្លែង​ដែលលោក​ស្ថិតនៅ ​នៅតែមិនទាន់​ត្រូវបាន​ដឹងនៅឡើយ ។​ ស្ថាប័ន​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃអង្គការ​សហប្រជាជាតិ​ជាច្រើន​ បានអំពាវនាវ​ម្ដងហើយ​ម្ដងទៀត​ឱ្យរាជរដ្ឋាភិបាល​កម្ពុជា ​ស្វែងរក​ និង​កំណត់​ទីកន្លែង​ដែលលោក​ Wanchalearm​ កំពុង​ស្ថិតនៅ ។​ ទោះបីជា​បានសន្យា​ក្នុងការ​ស្វែងរក​ការពិត​​នៃ “ការចាប់ពង្រត់​ដែល​ត្រូវបាន​ចោទប្រកាន់​” រាជរដ្ឋាភិបាល​កម្ពុជា​ មិនទាន់​បានធ្វើការ​ស៊ើបអង្កេត​ដោយឆាប់រហ័ស​ ហ្មត់ចត់​ និងឯករាជ្យ​ ចំពោះ​ការបាត់ខ្លួន​របស់លោក​នៅឡើយទេ ។ ​​

លើសពីនេះទៀត​ រាជរដ្ឋាភិបាល​កម្ពុជា​ បានបន្ត​បដិសេធ​អង្គហេតុ​ដែលមិនអាច​ប្រកែកបាន​ជុំវិញ​ការបាត់ខ្លួន​របស់​សកម្មជន​រូបនេះ ​ព្រមទាំង​បានបង្ហាញ​ពីការខ្វះ​ការប្ដេជ្ញាចិត្ត​ដ៏ស្មោះត្រង់ ​ក្នុងការ​ដោះស្រាយ​ករណីនេះ ។ ​ឆ្លើយតប​ចំពោះ​សំណើ​ចាត់វិធានការ​បន្ទាន់​​របស់​គណៈកម្មាធិការ​នៃ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការបាត់ខ្លួន​ដោយបង្ខំ​ (CED) ​កាលពីថ្ងៃទី​១៩​ ខែមិថុនា ​ឆ្នាំ២០២០​ រាជរដ្ឋាភិបាល​កម្ពុជា​ បានបញ្ជាក់ថា​ អាជ្ញាធរ​កម្ពុជា​ “មិនបានដឹង​ ឬទទួលបាន​ព័ត៌មាន​ពីការចាប់ពង្រត់​ដែលត្រូវបាន​ចោទប្រកាន់​នោះទេ” ។​ ការឆ្លើយតប​ក្រោយមកទៀត​ទៅកាន់​គណៈកម្មាធិការ​នៃអង្គការ​សហប្រជាជាតិ​ស្ដីពី​ការបាត់ខ្លួន​ដោយបង្ខំ ​នៅថ្ងៃទី១២ ខែសីហា ​ឆ្នាំ២០២០​ រាជរដ្ឋាភិបាល​កម្ពុជា ​នៅតែ​មិនបាន​ផ្ដល់ព័ត៌មាន​ជាក់លាក់ ​និងគ្រប់គ្រាន់ ​ពាក់ព័ន្ធ​នឹងការចាប់ពង្រត់​ដែល​ត្រូវបាន​ចោទប្រកាន់ ​ព្រមទាំង​បានលើកឡើងថា​ នឹង​ព្យាយាម​ស្វែងរក​ការពិត​ “ប្រសិនបើ​ពិតជា​មានករណី​ចាប់ពង្រត់​ និង​ប្រសិន​បើករណី​នេះ​ពិតជា​កើតឡើង​នៅក្នុង​ប្រទេសកម្ពុជា​ពិតប្រាកដ​មែន” ។​

កាលពីថ្ងៃទី១០​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ អ្នកស្រី ​Sitanan​ Satsaksit​ ដែលជា​បងស្រី​របស់​លោក Wanchalearm​ បានធ្វើដំណើរ​មកកាន់​ប្រទេសកម្ពុជា​ ដើម្បី​ដាក់ឯកសារ​ឱ្យចៅក្រម​ស៊ើបសួរ​នៃសាលាដំបូង​រាជធានីភ្នំពេញ​ ដែលជា​ផ្នែកមួយ​នៃការស៊ើបអង្កេត​មុនពេល​សវនាការ ។​ នៅថ្ងៃទី២៧​ ខែតុលា​ ឆ្នាំ២០២០​​ អ្នកស្រី ​Sitanan​ ត្រូវបាន​កោះហៅ​ឱ្យបង្ហាញខ្លួន​នៅចំពោះមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដើម្បីសាកសួរ​ ពាក់ព័ន្ធ​ទៅនឹង ​“ការឃុំខ្លួន ​និងបង្ខាំងទុក​ដោយ​មិនត្រឹមត្រូវ​” ទៅលើ​ប្អូនប្រុស​របស់​អ្នកស្រី ​នៅក្នុង​រាជធានី​ភ្នំពេញ ។​

ជាមួយគ្នានេះ​ដែរ​នៅក្នុង​ប្រទេសថៃ ​អាជ្ញាធរ​មិនបាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ជួយគ្រួសារ​របស់លោក​ Wanchalearm​ ដើម្បី​ស្វែងរក​យុត្តិធម៌​ ជុំវិញ​ការបាត់ខ្លួន​របស់​លោកទេ ។​ នៅថ្ងៃទី០៨​ ខែកក្កដា​ ឆ្នាំ២០២០​ នាយកដ្ឋាន​ស៊ើបអង្កេត​ពិសេស ​(DSI)​ បានលើកឡើងថា​ ទីភ្នាក់ងារនេះ​មិនបាន​ចាត់ទុក​ករណីលោក ​Wanchalearm​ ជា “ករណីពិសេស”​ ដែលចាំបាច់​សម្រាប់​ការស៊ើបអង្កេត​ក្រោម​ដែនសមត្ថកិច្ច​របស់ខ្លួនទេ ។​ ជាលទ្ធផល​ ករណីនេះ​ត្រូវបាន​បញ្ជូនបន្ត​ទៅកាន់ ​ការិយាល័យ​អគ្គមេធាវី ​ដើម្បីពិចារណា ។ ​នៅថ្ងៃទី២៣​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ការិយាល័យ​អគ្គមេធាវី​របស់ប្រទេសថៃ ​បានបញ្ជូន​ករណីនេះ ​ត្រឡប់ទៅ​នាយកដ្ឋាន​ស៊ើបអង្កេត​ពិសេសវិញ​ ដោយសារ​មន្ត្រីស៊ើបអង្កេត​ មិនបាន​រកឃើញ​ភស្តុតាង​ណាមួយ ​ដែលបញ្ជាក់ថា​ លោក ​Wanchalearm ​បានស្ថិតនៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅពេល​ដែល​លោកបាត់ខ្លួន​ ឬក៏លោក​ពិតជា​ត្រូវបាន​ចាប់ពង្រត់​នៅក្នុង​ប្រទេសកម្ពុជា​ពិតមែន​ ឬយ៉ាងណា​នោះទេ ។​

អង្គការ​យើងខ្ញុំ​ ពិតជា​ព្រួយបារម្ភ​យ៉ាងខ្លាំង​ ចំពោះ​ការខកខាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុងការ​ស៊ើបអង្កេត​ដែលគួរ​ឱ្យជឿទុកចិត្តបាន​ ទៅលើ​ការបាត់ខ្លួន​ដោយបង្ខំ​របស់លោក ​Wanchalearm ។​ យើងខ្ញុំ​​ សូមស្នើសុំ​ឱ្យរាជរដ្ឋាភិបាល​កម្ពុជា​ ស៊ើបអង្កេត​ឱ្យបាន​ឆាប់រហ័ស​ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ ទៅលើ​ការបាត់ខ្លួន​ដោយបង្ខំ​របស់​លោក Wanchalearm​ និងវែកមុខ​អ្នកទទួលខុសត្រូវ​ ដើម្បី​ចាត់វិធានការ​តាមផ្លូវច្បាប់ ​និងធានាពី​ សិទ្ធិក្រុមគ្រួសារ​របស់​លោក​ក្នុងការ​ទទួល​បានសំណង​ការខូចខាត​ ស្របតាម​បទប្បញ្ញត្តិ​នៃអនុសញ្ញា​អន្តរជាតិ​ស្ដីពីការ​ការពារ​ជនគ្រប់រូប​ពីការ​បាត់ខ្លួន​ដោយបង្ខំ ​(ICPPED)​ ដែលកម្ពុជា​ជារដ្ឋភាគី​ផងនោះ ។​

យើងខ្ញុំ ​ក៏សូមស្នើសុំ​ឱ្យអាជ្ញាធរថៃ​ ផ្ដល់​សច្ចាប័ន​លើអនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការការពារ​ជនគ្រប់រូប​ពីការ​បាត់ខ្លួន​ដោយ​បង្ខំ​ ក៏ដូចជា​បញ្ចូល​បទប្បញ្ញត្តិ​នៅក្នុង​អនុញ្ញានេះ​ទៅក្នុងច្បាប់​ជាតិ​របស់ខ្លួន ​និងអនុវត្ត​បទប្បញ្ញត្តិ​ទាំងនេះ ។​

សវតារ

លោក Wanchalearm ​Satsaksit​ អ្នករិះគន់​ឥតសំចៃមាត់​លើ​របបយោធា​ដែលបាន​ដឹកនាំ​ប្រទេសថៃ​ចន្លោះពី​ឆ្នាំ២០១៤​ ដល់ឆ្នាំ​២០១៩​ ត្រូវបាន​រាយការណ៍ថា ​ស្ថិតនៅ​ក្នុងបញ្ជីឈ្មោះ​បុគ្គល​ដែល​ត្រូវបាន​ចោទប្រកាន់​ពីការប្រព្រឹត្ត​ល្មើស​នឹងមាត្រា១១២​ នៃក្រមព្រហ្មទណ្ឌ​របស់​ប្រទេសថៃ​ (ប្រមាថ​ព្រះមហាក្សត្រ)​ ដោយមាន​ការចេញដីកា​ចាប់ខ្លួន​ពីសំណាក់​សមត្ថកិច្ចថៃ​ ផងដែរ ។​ លោកបាន​ភៀសខ្លួន​ពីប្រទេសថៃ​ទៅប្រទេសកម្ពុជា​ បន្ទាប់ពី​ការធ្វើ​រដ្ឋប្រហារ​យោធា ​កាលពីខែ​ឧសភា​ ឆ្នាំ២០១៤ ។​

លោក ​Wanchalearm ​ត្រូវបាន​ឃើញ​លើកចុងក្រោយ ​នារសៀល​ថ្ងៃទី០៤​ ខែមិថុនា​ ឆ្នាំ២០២០​ ក្នុងរាជធានីភ្នំពេញ ​ប្រទេសកម្ពុជា ។​ យោងតាម​សក្ខីកម្ម​របស់​សាក្សី​ដែលបាន​ឃើញហេតុការណ៍​ លោក Wanchalearm ត្រូ​វបាន​ចាប់ពង្រត់​នៅខាងមុខ​អគារស្នាក់នៅ​របស់លោក​ក្នុងរាជធានីភ្នំពេញ​ ដោយបុរស​មួយក្រុម​ស្លៀកពាក់​ឈុតខ្មៅ​ដែលមិនស្គាល់​អត្តសញ្ញាណ​ ។​ លោក ​Wanchalearm​ ត្រូវបាន​នាំខ្លួន​ចេញទៅ​ដោយរថយន្ត​ពណ៌ខៀវ​ចាស់​ ឬខ្មៅ ​ម៉ាក ​Toyota​ Highlander​ ដែលមាន​ស្លាកលេខ ​2X 2307 ។​

អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការការពារ​ជនគ្រប់រូប​ពីការបាត់ខ្លួន​ដោយបង្ខំ​ បានឱ្យ​និយមន័យ​ ការបាត់​ខ្លួនបង្ខំ​ថាជា ​“ការចាប់ខ្លួន​ ការឃុំខ្លួន​ ការចាប់ពង្រត់​ ឬទម្រង់​ផ្សេងទៀត​នៃការដកហូតសិទ្ធិ​ ធ្វើឡើង​ដោយ​ភ្នាក់ងាររដ្ឋ​ ឬដោយបុគ្គល ​ឬដោយ​ក្រុមបុគ្គល​ដែលមាន​ការអនុញ្ញាត​ ការគាំទ្រ​ឬការយល់ព្រម​ពីរដ្ឋ ​លុះក្រោយ​មកបាន​បដិសេធ​មិនទទួលស្គាល់​ពីការដកហូត​សេរីភាព​ ឬដោយមាន​ការលាក់បាំង​ពីជោគវាសនា ​ឬទីកន្លែង​ជនបាត់ខ្លួន​ ដោយដាក់​ជននោះ​ឱ្យស្ថិតនៅ​ក្រៅការ​ការពារ​ពីច្បាប់” ។​ ការបាត់ខ្លួន​ដោយបង្ខំ​បាន​រំលោភបំពាន​សិទ្ធិមនុស្ស​ជាច្រើន ​រួមមាន​សិទ្ធិទទួលបាន​សេចក្ដីថ្លៃថ្នូរ​ផ្ទាល់ខ្លួន ​និងសិទ្ធិ​ទទួលបាន​សេរីភាព​និងសន្តិសុខ​របស់​បុគ្គល ។​ សិទ្ធិទាំងនេះ ​ត្រូវបាន​ធានាដោយ​កតិកា​សញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិពលរដ្ឋ​ និង​នយោបាយ ​(ICCPR)​ ដែល​ប្រទេសកម្ពុជា​និងប្រទេសថៃ ​ជារដ្ឋភាគី ​ផងដែរ ៕​

សេចក្ដី​ថ្លែងការណ៍​នេះ ​គាំទ្រ​ដោយ៖

​FIDH – International Federation for Human Rights
សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
Internet Law Reform Dialogue (iLaw)
Manushya Foundation
Thai Lawyers for Human Rights (TLHR)
Union for Civil Liberty (UCL)

កម្ពុជា៖ ស្ថាប័នអង្គការសហប្រជាជាតិ ពិនិត្យមើលស្ថានភាពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ខណៈដែលមានការរឹតត្បិតកាន់តែខ្លាំងឡើងៗពីសំណាក់រាជរដ្ឋាភិបាល

ស្ថានភាពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅក្នុងប្រទេសកម្ពុជា នឹងត្រូវបានពិនិត្យមើលឡើងវិញដោយគណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ។ គណៈកម្មាធិការនេះ ឃ្លាំមើលការអនុវត្តរបស់រដ្ឋភាគីទៅលើកាតព្វកិច្ចផ្លូវច្បាប់របស់ពួកគេ ផ្អែកតាមកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ។ កម្ពុជាគឺជារដ្ឋភាគីមួយនៃកតិកានេះ ។

“ការធ្លាក់ចុះកាន់តែខ្លាំងឡើងៗនៃសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា បង្ហាញថា រាជរដ្ឋាភិបាលនេះ បានបរាជ័យទាំងស្រុងក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួនតាមច្បាប់អន្តរជាតិ ។ គណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ មានឱកាសដ៏សំខាន់ និងទាន់ពេលវេលាមួយ ក្នុងការដាក់ចេញអនុសាសន៍ដែលមានឥទ្ធិពល ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ នៅមុនការបោះឆ្នោតសកលឆ្នាំក្រោយ” ។

Adilur Rahman Khan អគ្គលេខាធិការនៃអង្គការសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិបាន

ជាផ្នែកមួយនៃការពិនិត្យមើលឡើងវិញរបស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អង្គការសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ បានដាក់ជូននូវរបាយការណ៍ស្រមោលមួយ ដែលចងក្រងឯកសារអំពីការរំលោភបំពានធ្ងន់ធ្ងរជាច្រើន ទៅលើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយសំខាន់ៗ ប្រព្រឹត្តដោយអាជ្ញាធរកម្ពុជា ចាប់តាំងពីការពិនិត្យមើលឡើងវិញលើកមុនដោយគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីខែមីនា ឆ្នាំ២០១៥ ។

ការព្រួយបារម្ភសំខាន់ៗដែលបានលើកឡើងនៅក្នុងរបាយការណ៍ស្រមោលមានដូចជា ១) ការវាយប្រហារបែបហិង្សា ការចាប់ខ្លួនតាមអំពើចិត្ត និងការចាត់វិធានការផ្លូវច្បាប់ដែលមានចរិតនយោបាយទៅលើគូប្រជែងនយោបាយ នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ ​និងការបោះឆ្នោតសកលឆ្នាំ២០២៣ ។ ២) ច្បាប់ដែលមានលក្ខណៈរឹតត្បិត ដែលប៉ះពាល់ដល់សិទ្ធិចូលរួមក្នុងនយោបាយ និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ។ ៣) បទប្បញ្ញត្តិស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ដែលផ្ដល់អំណាចតាមដានយ៉ាងទូលំទូលាយដល់រាជរដ្ឋាភិបាល និងធ្វើឱ្យរួមតូចនូវលំហសេរីភាពអនឡាញឆ្នាំ២០២២ ។ ៤) ការបន្តបង្រ្កាបទៅលើសេរីភាពក្នុងការបញ្ចេញមតិរបស់សហជីព សកម្មជន ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នករិះគន់រាជរដ្ឋាភិបាល ។ ៥) បទចោទមិនត្រឹមត្រូវ និងការប្រើប្រាស់កងកម្លាំងច្រើនលើសលប់ប្រឆាំងនឹងកម្មករនយោជិតដែលធ្វើកូដកម្ម សហគមន៍ដែលតវ៉ានឹងការរំលោភយកដីធ្លី និងអ្នកតវ៉ាដោយសន្តិវិធីផ្សេងទៀត ។ ៦) ការដកហូតដីធ្លីរបស់ជនជាតិដើមភាគតិចតាមរយៈការអនុវត្តការផ្ដល់កម្ចីឥណទានដែលគ្មានក្រមសីលធម៌នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និង ៧) អត្រាដ៏ខ្ពស់នៃការឃុំខ្លួនបណ្ដោះអាសន្នរយៈពេលវែងសម្រាប់បុរស ស្រ្តី និងកុមារ នៅក្នុងពន្ធនាគារដែលមានភាពចង្អៀតណែនខ្លាំង ដោយដាក់ពួកគេឱ្យរស់នៅក្នុងស្ថានភាពអាក្រក់ ឥតមនុស្សធម៌ និងគ្មានតម្លៃ ។

របាយការណ៍នេះ ក៏បង្ហាញពីរបៀបដែលរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើជាលេស ដើម្បីពង្រីកអំណាចរបស់ខ្លួន និងធ្វើការរឹតត្បិតដោយមិនសមហេតុផលទៅលើសិទ្ធិឯកជនភាព សេរីភាពក្នុងការសម្ដែងមតិ និងសេរីភាពក្នុងការប្រមូលផ្ដុំគ្នាដោយសន្តិវិធី ជាដើម ៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
អ្នកនាង Eva Canan (ទីក្រុងប៉ារីស) តាមរយៈទូរស័ព្ទលេខ +33648059157 ឬអ៊ីម៉ែល៖ ecanan@fidh.org